តើ Lionel Messi កំពុងមានបញ្ហារបួសមែនទេ? Inter Miami CF បង្ហាញស្ថានភាពថ្មី ក្រោយតារាអាហ្សង់ទីនសុំប្តូរចេញក្នុងការប្រកួតទល់នឹង Philadelphia Union
អត្ថបទសរសេរដោយ Danny • 16 views
Lionel Messi បានធ្វើឲ្យអ្នកគាំទ្របាល់ទាត់ទូទាំងពិភពលោកព្រួយបារម្ភយ៉ាងខ្លាំង មុនការប្រកួត World Cup 2026 បន្ទាប់ពីសុំប្តូរចេញក្នុងការប្រកួតដ៏ស្វិតស្វាញរវាង Inter Miami និង Philadelphia Union ដែលមានគ្រាប់បាល់រហូតដល់ ១០ គ្រាប់។
ប្រធានក្រុមជម្រើសជាតិ អាហ្សង់ទីន រូបនេះ បានដើរចូលបន្ទប់ផ្លាស់សម្លៀកបំពាក់ភ្លាមៗនៅនាទីទី ៧៣ បន្ទាប់ពីមានអារម្មណ៍មិនស្រួលនៅតំបន់ភ្លៅខាងឆ្វេង។ ហេតុការណ៍នេះបានកើតឡើងក្រោយពេល Messi ទាត់ Free-kick មួយ ហើយគេត្រូវបានគេឃើញចាប់ភ្លៅរបស់ខ្លួន មុនសញ្ញាឲ្យកៅអីបម្រុងដឹងថា គេមិនអាចបន្តលេងបានទៀត។
ទោះបី Messi អាចដើរចេញពីទីលានដោយខ្លួនឯងបានក៏ដោយ ការរងរបួសនៅពេលនេះបានធ្វើឲ្យមានការព្រួយបារម្ភខ្លាំង ព្រោះ អាហ្សង់ទីន កំពុងត្រៀមការពារតំណែងជើងឯក World Cup នៅខែមិថុនាខាងមុខ។
បន្ទាប់ពីការប្រកួត គ្រូបង្វឹក Inter Miami លោក Guillermo Hoyos បានព្យាយាមបន្ធូរភាពតានតឹង និងបញ្ជាក់ថា វាអាចគ្រាន់តែជាការអស់កម្លាំងប៉ុណ្ណោះ មិនមែនរបួសធ្ងន់ធ្ងរឡើយ។
“តាមដែលខ្ញុំដឹង យើងមិនទាន់មានរបាយការណ៍ផ្លូវការនៅឡើយទេ ប៉ុន្តែគាត់ពិតជាអស់កម្លាំង។ វាគ្រាន់តែជាការនឿយហត់ប៉ុណ្ណោះ។ ទីលានធ្ងន់ ហើយយើងមិនចង់ប្រថុយហានិភ័យទេ” Hoyos បាននិយាយ។
ទោះមានការព្រួយបារម្ភពីរបួស Messi ការប្រកួតនោះក៏បានក្លាយជាប្រវត្តិសាស្ត្រមួយរបស់ MLS ផងដែរ។ នៅតង់ទីមួយ មានគ្រាប់បាល់រហូតដល់ ៨ គ្រាប់ ដែលជាកំណត់ត្រាថ្មីក្នុងលីគ។
Philadelphia Union នាំមុខមុន 2-0 ប៉ុន្តែ Messi បាន Assist ឲ្យ German Berterame វាយបកវិញ។ ខណៈ Luis Suarez និង Berterame មានតួនាទីសំខាន់ក្នុងការវាយបក រីឯ Milan Iloski រកបាន Hat-trick ឲ្យ Philadelphia ធ្វើឲ្យលទ្ធផលស្មើ 4-4 នៅចប់តង់ទីមួយ។
នៅតង់ទីពីរ ទោះមានភ្លៀងធ្លាក់ខ្លាំងក៏ដោយ Suarez បានបញ្ចប់ Hat-trick របស់ខ្លួន ខណៈ Rodrigo De Paul បន្ថែមគ្រាប់ទី ៦ ជួយឲ្យ Inter Miami ឈ្នះការប្រកួតដ៏អស្ចារ្យនេះ។