អេស្ប៉ាញសម្រេចលុបចោលការប្រកួតមិត្តភាពរវាង កុងហ្គោ និង ស៊ីលី ភ្លាមៗ ព្រោះបារម្ភបញ្ហាជំងឺអេបូឡា
អត្ថបទសរសេរដោយ Danny • 6 views
ជំនួបមិត្តភាពអន្តរជាតិរវាងក្រុមបាល់ទាត់ជម្រើសជាតិកុងហ្គោ (ទ្វីបអាហ្រ្វិក) ទល់នឹងក្រុមស៊ីលី (ទ្វីបអាម៉េរិកខាងត្បូង) ដែលគ្រោងរៀបចំនៅលើទឹកដីអេស្ប៉ាញ ត្រូវបានប្រកាសលុបចោលជាផ្លូវការ។ ការសម្រេចចិត្តនេះធ្វើឡើងដោយសារតែប្រទេសម្ចាស់ផ្ទះរៀបចំ មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាសុខភាពសាធារណៈ ពាក់ព័ន្ធនឹងការផ្ទុះឡើងនៃជំងឺឆ្លងអេបូឡាយ៉ាងខ្លាំងក្លានៅទ្វីបអាហ្រ្វិក។
តាមគម្រោង ការប្រកួតនេះត្រូវធ្វើឡើងនៅថ្ងៃទី៩ ខែមិថុនា នៅក្នុងទីក្រុង La Línea de la Concepción ភាគខាងត្បូងប្រទេសអេស្ប៉ាញ ដែលមានព្រំដែនជាប់ប្រទេសហ្ស៊ីប្រាល់តា។ លោក Juan Franco អភិបាលក្រុង បានចេញមុខមកបកស្រាយថា លោកត្រូវបង្ខំចិត្តចុះហត្ថលេខាលើក្រឹត្យផ្អាកការប្រកួតនេះ តាមការណែនាំយ៉ាងម៉ឺងមាត់ពីសេវាសុខាភិបាលនៃរដ្ឋបាលក្នុងតំបន់ ដើម្បីជៀសវាងហានិភ័យសុខភាពដែលអាចកើតមានឡើង។ ទោះបីជាខាងភាគីក្រុមស៊ីលី បានស្នើឱ្យមានការរៀបចំការប្រកួតដោយបិទទ្វារកីឡដ្ឋាន (មិនឱ្យអ្នកគាំទ្រចូលទស្សនា) ក៏ដោយ ក៏ការប្រកួតនៅតែមិនអាចដំណើរការទៅបានដែរ។
ការរំខាននេះបានកើតឡើងស្របពេលដែលក្រុមកុងហ្គោ កំពុងត្រៀមខ្លួនបង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 បន្ទាប់ពីខកខានអស់រយៈពេលយ៉ាងយូរតាំងពីឆ្នាំ១៩៧៤។ កាលពីខែឧសភាកន្លងទៅ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសពីហានិភ័យខ្ពស់កម្រិតអន្តរជាតិ ខណៈនៅក្នុងប្រទេសកុងហ្គោមានមនុស្សស្លាប់ចំនួន ២២៣ករណី និងសង្ស័យឆ្លងប្រមាណ ៩០៦នាក់ ព្រមទាំងបានរីករាលដាលដល់ប្រទេសអ៊ូហ្កង់ដាផងដែរ។ បន្ទាប់ពីការលុបចោលនៅអេស្ប៉ាញ ក្រុមកុងហ្គោត្រូវបន្តការហ្វឹកហាត់នៅប្រទេសបែលហ្ស៊ិកវិញ ដោយមានជំនួបមិត្តភាពទល់នឹងដាណឺម៉ាកនៅថ្ងៃទី៣ មិថុនា មុនពេលធ្វើដំណើរទៅប្រកួត World Cup ក្នុងពូលរួមមាន ព័រទុយហ្កាល់ កូឡុំប៊ី និងអ៊ូសបេគីស្ថាន។