Lionel Scaloni ទទួលស្គាល់ថា Lionel Messi នឹងមិនទាន់មានសភាពល្អពេញលេញជាមួយ Argentina នៅ World Cup 2026
អត្ថបទសរសេរដោយ Danny • 8 views
គ្រូបង្វឹកជម្រើសជាតិ Argentina លោក Lionel Scaloni បានទទួលស្គាល់ថា ប្រធានក្រុម Lionel Messi នឹងមិនទាន់មានសភាពល្អពេញលេញ នៅពេលចូលរួមជាមួយក្រុមជម្រើសជាតិ សម្រាប់ការការពារតំណែងជើងឯក World Cup 2026 នោះទេ។
តារារបស់ Inter Miami រូបនេះ បានរងបញ្ហារបួសសរសៃពួរខាងក្រោយភ្លៅ ក្នុងការប្រកួត MLS ចុងក្រោយ ដែលធ្វើឱ្យអ្នកគាំទ្រ Argentina មានការព្រួយបារម្ភយ៉ាងខ្លាំង មុនការប្រកួតធំចាប់ផ្តើម។
Messi ត្រូវបានប្តូរចេញនៅនាទីទី 73 ក្នុងជ័យជម្នះ 6-4 លើ Philadelphia Union បន្ទាប់ពីមានអារម្មណ៍មិនស្រួល ក្រោយការទាត់បាល់ហ្វ្រីឃីកមួយ។
ក្រោយការប្រកួត Inter Miami បានបញ្ជាក់ថា ប្រធានក្រុមរបស់ពួកគេ កំពុងមានបញ្ហាអស់កម្លាំងសាច់ដុំ និងរលាកត្រង់សរសៃពួរខាងក្រោយភ្លៅខាងឆ្វេង។
ទោះបីជាមានបញ្ហានេះក៏ដោយ លោក Scaloni នៅតែមានសង្ឃឹមថា Messi នឹងអាចត្រៀមខ្លួនទាន់សម្រាប់ការប្រកួតបើកឆាកពូល J ទល់នឹង Algeria នៅថ្ងៃទី 16 ខែមិថុនា។
លោកបាននិយាយថា៖
“យើងទាំងអស់គ្នាចង់ឱ្យ Messi ចូលរួមជាមួយក្រុមក្នុងសភាពល្អពេញលេញ ប៉ុន្តែវាមិនមែនជាការពិតនៅពេលនេះទេ។ មិនមែនមានតែគាត់ម្នាក់ទេ កីឡាករជាច្រើនក៏មិនទាន់ជាសះស្បើយពេញលេញពីរបួសដែរ។”
លោកបន្ថែមថា៖
“អាទិភាពធំបំផុតរបស់យើងនៅពេលនេះ គឺការព្យាបាល និងស្តារកាយសម្បទារបស់ពួកគេ ដើម្បីធានាថា ពួកគេអាចឈានដល់ World Cup ក្នុងសភាពល្អបំផុត។”
បញ្ហារបួសរបស់ Argentina មិនមានតែ Messi ប៉ុណ្ណោះទេ ខណៈអ្នកចាំទី Emiliano Martinez ក៏បានបាក់ម្រាមដៃអំឡុងការកម្តៅសាច់ដុំ មុនវគ្គផ្តាច់ព្រ័ត្រ Europa League ផងដែរ។
ចំណែកប្រធានក្រុម Tottenham លោក Cristian Romero ក៏កំពុងព្យាយាមជាសះស្បើយពីរបួសសរសៃជង្គង់ខាងស្តាំផងដែរ។
លើសពីនេះ Nahuel Molina, Gonzalo Montiel, Nico Paz និង Nicolas Gonzalez ក៏សុទ្ធតែកំពុងមានបញ្ហារបួសផងដែរ ដែលធ្វើឱ្យក្រុមគ្រូបង្វឹករបស់ Argentina ត្រូវរៀបចំផែនការបន្ទាន់ មុនការប្រកួតកម្តៅសាច់ដុំទល់នឹង Honduras និង Iceland។