Neymar ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិ ប្រេស៊ីល ទៅលេង World Cup ២០២៦
អត្ថបទសរសេរដោយ Danny • 4 views
តារាបាល់ទាត់ Neymar ត្រូវបានលោក Carlo Ancelotti ដាក់បញ្ចូលក្នុងបញ្ជីកីឡាកររបស់ក្រុមជម្រើសជាតិ ប្រេស៊ីល សម្រាប់ព្រឹត្តិការណ៍ FIFA World Cup ២០២៦ បើទោះបីជាមានការសង្ស័យជាច្រើនជុំវិញស្ថានភាពកាយសម្បទារបស់គេក៏ដោយ។
ខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំរូបនេះ ដែលជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងប្រវត្តិសាស្ត្ររបស់ក្រុមជម្រើសជាតិ ប្រេស៊ីល ជាមួយគ្រាប់បាល់សរុប ៧៩គ្រាប់ បានវិលត្រឡប់មកកាន់ឆាកអន្តរជាតិវិញ បន្ទាប់ពីជួបបញ្ហារបួសសរសៃជង្គង់ ACL ខាងឆ្វេង កាលពីខែតុលា ឆ្នាំ២០២៣។
មុននេះ មានអ្នកវិភាគ និងអតីតកីឡាករជាច្រើន បានសង្ស័យថា តារារបស់ក្លិប Santos អាចនឹងមិនជាប់ឈ្មោះក្នុងបញ្ជីចុងក្រោយឡើយ ប៉ុន្តែលោក Ancelotti ដែលបានចូលកាន់តំណែងគ្រូបង្វឹកក្រុមជម្រើសជាតិ ប្រេស៊ីល កាលពីខែឧសភា ឆ្នាំ២០២៥ បានសម្រេចចិត្តផ្តល់ឱកាសដល់គេ។
ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Rio de Janeiro លោក Ancelotti បានពន្យល់អំពីការជ្រើសរើសនេះថា៖ “គេបានធ្វើឱ្យស្ថានភាពកាយសម្បទារបស់ខ្លួនប្រសើរឡើងវិញ។ គេនឹងក្លាយជាកីឡាករសំខាន់ម្នាក់សម្រាប់ World Cup នេះ។ គេមានបទពិសោធន៍ និងអាចជួយបង្កើតបរិយាកាសល្អក្នុងក្រុមបាន។”
លោកក៏បានបន្ថែមថា៖ “យើងមិនជ្រើសរើស Neymar ដើម្បីធ្វើជាកីឡាករបម្រុងទេ។ យើងជ្រើសគេ ព្រោះយើងជឿថា គេអាចជួយក្រុមបាន មិនថាលេង ១នាទី ៥នាទី ៩០នាទី ឬសូម្បីតែការស៊ុតបាល់ពិន័យ១១ម៉ែត្រក៏ដោយ។”
ខណៈដែល Neymar ទទួលបានដំណឹងល្អ កីឡាករប្រយុទ្ធមួយចំនួនផ្សេងទៀតវិញ ត្រូវខកចិត្តយ៉ាងខ្លាំង។ ក្នុងនោះ Joao Pedro របស់ Chelsea និង Richarlison មិនត្រូវបានកោះហៅឡើយ ខណៈកីឡាករវ័យក្មេងដូចជា Endrick និង Rayan ទទួលបានឱកាសជាលើកដំបូងក្នុងការទៅលេង World Cup។
ក្រោយមិនជាប់ឈ្មោះ Joao Pedro បានបង្ហោះសារលើ Instagram ថា៖ “ខ្ញុំបានព្យាយាមផ្តល់អ្វីៗគ្រប់យ៉ាងជានិច្ច។ ជាអកុសល ខ្ញុំមិនអាចសម្រេចក្តីស្រមៃក្នុងការតំណាងឱ្យប្រទេសរបស់ខ្ញុំនៅ World Cup បានទេ។ ប៉ុន្តែខ្ញុំនៅតែស្ងប់ស្ងាត់ និងផ្តោតអារម្មណ៍ដូចដែលខ្ញុំតែងធ្វើ។”