អ្នកគាំទ្រ PSG ៧៨០នាក់នៅបារាំងត្រូវចាប់ខ្លួន ជុំវិញការបង្កហិង្សាពេលអបអរពាន UCL
អត្ថបទសរសេរដោយ Danny • 8 views
អាជ្ញាធរបារាំងបានចាប់ខ្លួនអ្នកគាំទ្រក្លិប Paris Saint-Germain ចំនួន ៧៨០នាក់ នៅទូទាំងប្រទេស អំឡុងរាត្រីអបអរជ័យជម្នះពានរង្វាន់ UEFA Champions League លើកទីពីរ ដែលពួកគេបានផ្តួល Arsenal ដោយបាល់កាត់សេចក្តីប៉េណាល់ទី។ ការអបអរជ័យជម្នះនេះ បានឈានដល់ការប្រើអំពើហិង្សា និងបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់ រហូតសម្លាប់យុវជនវ័យក្មេងម្នាក់ផងដែរ។
អ្នកគាំទ្រ PSG រាប់ពាន់នាក់បាននាំគ្នាដើរអបអរពេញដងផ្លូវក្នុងទីក្រុងប៉ារីស ចាប់តាំងពីក្លិបជើងខ្លាំងប្រចាំប្រទេសមួយនេះ បានយកឈ្នះក្រុម Arsenal ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃទី៣០ ឧសភា ក្នុងទីក្រុង Budapest ប្រទេសហុងគ្រីរួចមក។ នៅក្នុងថ្ងៃពិធីដង្ហែ និងអបអរពានរង្វាន់ ហ្វូងអ្នកគាំទ្រមួយចំនួនបានប៉ះទង្គិចគ្នាជាមួយនឹងមន្ត្រីប៉ូលិសការពារសន្តិសុខសណ្តាប់ធ្នាប់។ ប៉ូលិសបារាំងបានដាក់ពង្រាយកម្លាំងពេញប្រទេសជាង ២២ ០០០នាក់ ដើម្បីការពារសុវត្ថិភាព ប៉ុន្តែអ្នកគាំទ្រជ្រុលនិយមមួយចំនួនបានធ្វើសកម្មភាពមិនសមរម្យ ដោយបានបាញ់កាំជ្រួចដាក់មន្ត្រីមានសមត្ថកិច្ចថែមទៀត។
បើតាមរដ្ឋមន្ត្រីមហាផ្ទៃបារាំងលោក Laurent Nunez យ៉ាងហោចណាស់មានកងកម្លាំងការពារសុវត្ថិភាពប្រមាណ ៥៧នាក់បានរងរបួស ក្នុងនោះ ៨នាក់រងរបួសធ្ងន់។ ដោយឡែក ការិយាល័យរដ្ឋអាជ្ញាសាធារណៈនៃទីក្រុងប៉ារីស ក៏បានប្រកាសថាយុវជនម្នាក់អាយុ ២០ឆ្នាំ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីគេបានជួបគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូនៅក្នុងអំឡុងពេលអបអរនោះ។
លោក Nunez បានបញ្ជាក់បន្ថែមថា យ៉ាងហោចណាស់មាន ១៥ទីក្រុង និង ៧១សង្កាត់ ទូទាំងប្រទេសបារាំង បានជួបហេតុការណ៍អំពើហិង្សានេះ។ ករណីនេះបានធ្វើឱ្យអ្នកគាំទ្រប្រមាណ ៧៨០នាក់ត្រូវបានចាប់ខ្លួន ដែលចំនួននេះមានការកើនឡើងដល់ទៅ ៣២ភាគរយ បើធៀបទៅនឹងការឈ្នះពាន UCL របស់ក្រុម PSG កាលពីរដូវកាលមុន។