ហ៊ានឱ្យថ្លៃកប់ពពក! ក្លិបយក្សអារ៉ាប៊ីសាអូឌីតត្រៀមលុយ 8០លានអឺរ៉ូ និងថែមប្រាក់ខែ 4ដង ដើម្បីឆក់យក Raphinha ពី Barcelona
អត្ថបទសរសេរដោយ Danny • 4 views
ទីផ្សារដោះដូរកីឡាករកំពុងតែរក្រើកជាថ្មី បន្ទាប់ពីមានរបាយការណ៍ពីសារព័ត៌មាន Mundo Deportivo ថា ក្លិបកំពូលៗនៅលីគអារ៉ាប៊ីសាអូឌីត (Saudi Pro League) រួមមាន Al-Nassr និង Al-Hilal ក្រោមការឧបត្ថម្ភពីមូលនិធិសមូហភាព PIF កំពុងត្រៀមញ្ចេញកញ្ចប់ថវិកាដ៏មហិមា ៨០ លានអឺរ៉ូ ដើម្បីដេញថ្លៃទិញយកខ្សែប្រយុទ្ធស្លាប Raphinha ពីក្លិប FC Barcelona។
អ្វីដែលរឹតតែគួរឱ្យភ្ញាក់ផ្អើលនោះ គឺសំណើផ្ទាល់ខ្លួនសម្រាប់កីឡាករសញ្ជាតិប្រេស៊ីលវ័យ ២៩ ឆ្នាំរូបនេះ ដោយគេត្រៀមដំឡើងប្រាក់ខែឱ្យរហូតដល់ទៅ ៤ ដង ពោលគឺកើនឡើងពី ១២ លានអឺរ៉ូក្នុងមួយឆ្នាំ ហក់ឡើងទៅដល់ ៤៨ លានអឺរ៉ូក្នុងមួយឆ្នាំឯណោះ។ គួររំលឹកផងដែរថា Raphinha ធ្លាប់បានសារភាពថា លោកពិតជាធ្លាប់មានចិត្តរេហរេម្តងរួចមកហើយកាលពីឆ្នាំ ២០២៤ ចំពោះការដេញថ្លៃពីអារ៉ាប៊ីសាអូឌីត ដោយសារវាជាចំនួនទឹកប្រាក់ដ៏ច្រើនដែលអាចផ្លាស់ប្តូរជីវភាពគ្រួសាររបស់លោកបាន ប៉ុន្តែកាលនោះលោកបានសម្រេចចិត្តបដិសេធ ដើម្បីបន្តរស់នៅទឹកដីកាតាឡាន់។
ទោះបីជាមានការដេញថ្លៃដ៏គួរឱ្យល្បួងចិត្តនេះក៏ដោយ ក៏ភាគីខាង Barcelona នៅតែមានទំនុកចិត្តខ្ពស់ថានឹងអាចរក្សាតារាឆ្នើមរូបនេះបាន ព្រោះរូបគេគឺជាកម្លាំងស្នូលមិនអាចខ្វះបានក្នុងប្រព័ន្ធលេងរបស់លោក Hansi Flick។ ជាក់ស្តែង បើទោះបីជារដូវកាលចុងក្រោយនេះ រូបគេមានបញ្ហារបួសយាយីខ្លះៗក៏ដោយ ក៏ Raphinha នៅតែអាចបន្សល់ទុកស្ថិតិយ៉ាងសាហាវដោយចូលលេង ៣៣ ប្រកួត រកបាន ២១ គ្រាប់ និងជំនួយ ៧ ដង ដែលធ្វើឱ្យក្លិបនៅតែចាត់ទុករូបគេជាផ្នែកមួយនៃគម្រោងរយៈពេលវែងសម្រាប់ពានរង្វាន់ Champions League។