ត្រឡប់មកវិញជាផ្លូវការ! អធិរាជស Real Madrid ប្រកាសតែងតាំងលោក Jose Mourinho ក្នុងកិច្ចសន្យារយៈពេល 3ឆ្នាំ
អត្ថបទសរសេរដោយ Danny • 5 views
ក្លិបអធិរាជស Real Madrid បានធ្វើឱ្យពិភពបាល់ទាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានចេញសេចក្តីថ្លែងការណ៍ផ្លូវការតែងតាំងលោក José Mourinho ជាគ្រូបង្វឹកថ្មីរបស់ក្រុមជាផ្លូវការ ដែលនេះជាការវិលត្រឡប់មកកាន់ទឹកដី Santiago Bernabeu ជាលើកទីពីរ ក្រោយចាកចេញអស់រយៈពេល ១៣ ឆ្នាំ។
គ្រូបង្វឹកវ័យ ៦៣ ឆ្នាំរហស្សនាម «The Special One» រូបនេះ បានសម្រេចចិត្តចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣ ឆ្នាំ (រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៩) ភ្លាមៗបន្ទាប់ពីបានចាកចេញពីក្លិប Benfica នៅក្នុងប្រទេសព័រទុយហ្គាល់ ដោយផ្អែកលើលក្ខខណ្ឌពិសេសក្នុងកិច្ចសន្យា ដែលអនុញ្ញាតឱ្យលោកចាកចេញបានក្នុងតម្លៃប្រមាណ ២.៥ លានផោន។ ការនាំយកលោក Mourinho ត្រឡប់មកវិញនេះ គឺជាការបំពេញតាមពាក្យសន្យារបស់លោកប្រធានក្លិប Florentino Perez ដែលបានសន្យាជាមួយអ្នកគាំទ្រអំឡុងពេលយុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានក្លិបកាលពីពេលថ្មីៗនេះ។
គួររំលឹកផងដែរថា កាលពីដឹកនាំ Real Madrid លើកទីមួយចន្លោះឆ្នាំ ២០១០ ដល់ ២០១៣ លោក Jose Mourinho ធ្លាប់បានជួយក្លិបយក្សអេស្ប៉ាញមួយនេះឈ្នះពានរង្វាន់ La Liga, Copa del Rey និង Supercopa de España។ សម្រាប់ការវិលត្រឡប់មកកាន់រដ្ឋធានីម៉ាឌ្រីដជាថ្មីម្តងទៀតនេះ លោកមានភារកិច្ចចម្បងក្នុងការស្រោចស្រង់ និងដឹកនាំក្រុមកងទ័ពសឱ្យមានឱកាសលើកពានរង្វាន់ឡើងវិញ ក្រោយឆ្លងកាត់រដូវកាលដ៏ខកចិត្តដែលគ្មានពានរង្វាន់សោះក្នុងដៃ។