Atletico Madrid រក្សាជំហររឹងមាំ ដោយមិនព្រមលក់ Julian Alvarez ទោះមានសំណើ ១៥០ លានអឺរ៉ូ
អត្ថបទសរសេរដោយ Danny • 5 views
ក្លិបអធិរាជស Real Madrid បានធ្វើរឿងដ៏កម្រ និងគួរឱ្យភ្ញាក់ផ្អើលបំផុតមួយ ដោយបានចេញសេចក្តីថ្លែងការណ៍ផ្លូវការបញ្ជាក់ថា សំណើដេញថ្លៃទឹកប្រាក់មហិមាចំនួន ១៥០ លានអឺរ៉ូរបស់ពួកគេ ត្រូវបានក្លិបគូប្រជែងរួមទីក្រុង Atletico Madrid បដិសេធដាច់ខាត។ ការប្រកាសនេះ ក៏បានទម្លាយអត្តសញ្ញាណពិតប្រាកដរបស់ខ្សែប្រយុទ្ធអាហ្សង់ទីន Julian Alvarez ថាជាគោលដៅ «Galactico» អាថ៌កំបាំងដែលលោកប្រធានក្លិប Florentino Perez បានសន្យាទុកកាលពីអំឡុងពេលបោះឆ្នោត។
យោងតាមសេចក្តីថ្លែងការណ៍របស់ Real Madrid ភាគី Atletico Madrid បានបដិសេធសំណើដ៏ធំនេះ ដោយសារពួកគេចង់ឱ្យមានការអនុវត្តតាមលក្ខខណ្ឌទិញផ្តាច់កិច្ចសន្យា (Release Clause) របស់កីឡាករទាំងស្រុង ដែលត្រូវបានគេដឹងថាមានតម្លៃរហូតដល់ទៅ ៥០០ លានអឺរ៉ូឯណោះ (ទោះបីជាមានពាក្យចចាមអារ៉ាមថាមានលក្ខខណ្ឌពិសេសតម្លៃខិតជិត ១៥០ លានអឺរ៉ូសម្រាប់ក្លិបលេងនៅ Champions League ក៏ដោយ)។ មិនត្រឹមតែ Real Madrid នោះទេ សូម្បីតែក្លិបអ្នកមានបុណ្យ Barcelona ក៏ធ្លាប់ត្រូវក្រុមកងទ័ពខ្លាឃ្មុំទាត់ចោលសំណើតម្លៃ ១០០ លានអឺរ៉ូកាលពីសប្តាហ៍មុនផងដែរ។
ស្របពេលជាមួយគ្នានៃការបរាជ័យលើទីផ្សារដោះដូរនេះ Real Madrid ក៏បានប្រកាសពីការចាកចេញរបស់គ្រូបង្វឹកលោក Alvaro Arbeloa ផងដែរ ដែលនេះជាសញ្ញាកាន់តែច្បាស់ក្នុងការបើកផ្លូវស្វាគមន៍ការត្រឡប់មកវិញរបស់លោក Jose Mourinho។ បច្ចុប្បន្ន អ្នកគាំទ្រកំពុងអន្ទះសារចង់ដឹងថា តើលោក Florentino Perez នឹងព្រមបង្កើនតម្លៃដេញថ្លៃបន្ថែមទៀត ឬក៏ត្រូវងាកទៅរកគោលដៅថ្មីផ្សេងជំនួសវិញ។