«ខ្ញុំគិតថាខ្ញុំនឹងឈ្នះ!» Lamine Yamល បើកចិត្តរឿងខកខានពាន Ballon d’Or ទៅ Ousmane Dembele និងគោលដៅធំនៅ World Cup 2026
អត្ថបទសរសេរដោយ Danny • 7 views
តារាវ័យក្មេងរបស់ក្លិប Barcelona និងក្រុមជម្រើសជាតិស្ដេចគ្រងអឺរ៉ុបអេស្ប៉ាញ (Spain) កីឡាករ Lamine Yamal បានចេញមុខទម្លាយអារម្មណ៍ពិតជាលើកដំបូង ជុំវិញការខកខានឱកាសមាសក្នុងការឈ្នះពានរង្វាន់ឯកលំដាប់កំពូល Ballon d’Or កាលពីលើកមុន ដោយបានធ្លាក់ទៅលើដៃអតីតរៀមច្បងរួមក្រុមគឺគីឡាករ Ousmane Dembele។
ខ្សែប្រយុទ្ធស្លាបវ័យ ១៨ ឆ្នាំរូបនេះបានសារភាពដោយត្រង់ៗថា៖ «តាមពិតថ្ងៃនោះ ខ្ញុំគិតថាខ្ញុំនឹងឈ្នះវាទៅហើយ»។ ទោះជាយ៉ាងណា Yamal បែរជាចាត់ទុកការខកចិត្តមួយនោះថាជា «រឿងល្អ» ទៅវិញ ព្រោះវាបានក្លាយជាឱសថទិព្វជួយជំរុញឱ្យរូបគេកាន់តែមានភាពចាស់ទុំ បង្កើនការខិតខំប្រឹងប្រែង និងរៀនគ្រប់គ្រងសម្ពាធដ៏មហិមាក្នុងនាមជាកីឡាករវ័យក្មេងលើឆាកអន្តរជាតិ។ ជាមួយគ្នានោះ ផ្កាយរះរូបនេះក៏បានបង្ហើបផងដែរថា វីរៈបុរសបាល់ទាត់ (Idol) តែមួយគត់នៅក្នុងចិត្តរបស់គេ និងជាកីឡាករដែលគេចូលចិត្តមើលរបៀបលេងបំផុតនោះ គឺខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar រួមទាំងតារាជំនាន់ក្រោយដែលមានបច្ចេកទេសល្បឿនលឿនដូចជា Jeremy Doku និង Rayan Cherki ផងដែរ។
សម្រាប់ការប្រកួតប្រជែងពានរង្វាន់ FIFA World Cup 2026 ដ៏ធំខាងមុខនេះ Lamine Yamal មិនត្រឹមតែជាកម្លាំងស្នូលដ៏សំខាន់របស់ក្រុមអេស្ប៉ាញឡើយ ប៉ុន្តែថែមទាំងជាបេក្ខភាពឈានមុខគេក្នុងការប្រជែងពានរង្វាន់កីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ (Golden Ball) ទៀតផង។ លើសពីនេះ រូបគេថែមទាំងបានបោះពាក្យសម្តីសន្យាបែបកំប្លែងលេងសើចថា ប្រសិនបើអេស្ប៉ាញអាចគ្រងជើងឯកពិភពលោកឆ្នាំនេះពិតមែន គេនឹងទុក «ពុកមាត់ និងពុកចង្ការ» ឱ្យដុះរយៈពេល ៣ សប្តាហ៍ពេញតែម្តង។