Lamine Yamal ស្ថិតក្រោមការយកចិត្តទុកដាក់ពិសេសពី Barcelona មុន World Cup 2026
អត្ថបទសរសេរដោយ Danny • 5 views
ខណៈដែលព្រឹត្តិការណ៍ FIFA World Cup 2026 កាន់តែខិតជិតមកដល់ ក្លិបអ្នកមានបុណ្យ Barcelona ត្រូវបានរាយការណ៍ថាកំពុងតែមានការព្រួយបារម្ភ និងមិនសប្បាយចិត្តយ៉ាងខ្លាំង ជុំវិញរបៀបគ្រប់គ្រង និងការចង់ខំប្រញាប់ពន្លឿនដំណើរការស្តាររបួសរបស់តារាវ័យក្មេង Lamine Yamal ពីសំណាក់ក្រុមជម្រើសជាតិអេស្ប៉ាញ (Spain)។
ក្តីកង្វល់នេះបានផ្ទុះឡើងកាន់តែខ្លាំង បន្ទាប់ពីលោក Luis de la Fuente គ្រូបង្វឹកជម្រើសជាតិអេស្ប៉ាញ បានផ្តល់កិច្ចសម្ភាសន៍បែបវិជ្ជមានថា Yamal រួមទាំង Mikel Merino និង Nico Williams កំពុងមានការវិវត្តន៍ខ្លួនយ៉ាងលឿន ហើយអាចនឹងរួមរស់ជាមួយក្រុមទាន់ពេលវេលាសម្រាប់ជំនួបបើកឆាក។ ផ្ទុយទៅវិញ សម្រាប់ភាគី Barcelona ជឿជាក់ថាការប្រុងប្រយ័ត្នគួរតែជាអាទិភាពចម្បង ព្រោះកីឡាករវ័យ ១៨ ឆ្នាំរូបនេះស្ថិតក្នុងវ័យដែលរាងកាយកំពុងអភិវឌ្ឍ។ គួររំលឹកថា Yamal បានរងរបួសសាច់ដុំពោះវៀនជើងឆ្វេង (Biceps Femoris) តាំងពីថ្ងៃទី ២២ ខែមេសា ក្នុងជំនួបជាមួយ Celta Vigo ហើយមិនទាន់បានប៉ះបាល់ក្នុងប្រកួតផ្លូវការណាមួយឡើយ។
យោងតាមការព្រមានពីលោក Juanjo Brau អតីតប្រធានផ្នែកព្យាបាលដោយចលនារបស់ Barcelona បានឱ្យដឹងថា របួសប្រភេទនេះមានហានិភ័យរលាក ឬដាច់ឡើងវិញខ្ពស់ខ្លាំងណាស់ក្នុងរយៈពេលមួយខែកន្លះដំបូង ជាពិសេសសម្រាប់កីឡាករស្ទីលប្រើល្បឿន និងញាក់បាល់បត់បែនភ្លាមៗដូចជា Yamal។ គិតត្រឹមថ្ងៃប្រកួតបើកឆាកទល់នឹងក្រុម Cape Verde នាថ្ងៃទី ១៥ ខែមិថុនា ខាងមុខ គឺមានរយៈពេលត្រឹមតែ ៥៤ ថ្ងៃប៉ុណ្ណោះ ដែលវាស្ថិតក្នុងដំណាក់កាលប្រផិតប្រផើយបំផុតនៃរយៈពេលស្តាររបួសស្តង់ដារ (៨ សប្តាហ៍)។ សម្រាប់ Barcelona ការបាត់បង់អាវុធធុនធ្ងន់រូបនេះក្នុងរយៈពេលវែង គឺជាមហន្តរាយដ៏ធំធេងដែលមិនអាចយកទៅប្រថុយប្រថាននឹងផលប្រយោជន៍រយៈពេលខ្លីរបស់ក្រុមជម្រើសជាតិបានឡើយ។