អាជ្ញាកណ្តាលឆ្នើម Omar Artan ត្រូវបានអាម៉េរិកបដិសេធមិនឱ្យចូលប្រទេស និងត្រូវខកខាន World Cup 2026
អត្ថបទសរសេរដោយ Danny • 7 views
លោក Omar Artan អាជ្ញាកណ្តាលអន្តរជាតិឆ្នើមសញ្ជាតិសូម៉ាលី បានជួបប្រទះនូវរឿងរ៉ាវដ៏ខកចិត្តបំផុតក្នុងអាជីព បន្ទាប់ពីត្រូវបានអាជ្ញាធរអន្តោប្រវេសន៍សហរដ្ឋអាម៉េរិក (United States) បដិសេធមិនឱ្យចូលទឹកដីរបស់ខ្លួន ភ្លាមៗពេលលោកបានធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិ Miami International Airport។
ម្ចាស់ពានរង្វាន់អាជ្ញាកណ្តាលឆ្នើមប្រចាំទ្វីបអាហ្វ្រិក «CAF Referee of the Year 2025» រូបនេះ ត្រូវបានអាជ្ញាធរឃុំខ្លួនបណ្ដោះអាសន្ន និងបញ្ជូនត្រឡប់ទៅក្រៅប្រទេសវិញ ដែលធ្វើឱ្យលោកត្រូវបាត់បង់ឱកាសដ៏មានតម្លៃក្នុងការបង្កើតប្រវត្តិសាស្ត្រក្លាយជាអាជ្ញាកណ្តាលដំបូងបង្អស់មកពីប្រទេសសូម៉ាលី (Somalia) ដែលបានកាត់សេចក្តីក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។ ទោះបីជាសហព័ន្ធបាល់ទាត់សូម៉ាលីបានបញ្ជាក់ថា លោក Artan បានធ្វើដំណើរជាមួយឯកសារត្រឹមត្រូវ និងមានទាំងលិខិតឆ្លងដែនការទូតក៏ដោយ ប៉ុន្តែដោយសារច្បាប់អន្តោប្រវេសន៍ដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាលអាម៉េរិកបច្ចុប្បន្នទៅលើពលរដ្ឋសូម៉ាលី ទើបធ្វើឱ្យលោកត្រូវបង្ខំចិត្តដកថយ។
ជុំវិញបញ្ហានេះ សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា នេះជាសិទ្ធិសម្រេចផ្ទាល់របស់ប្រទេសម្ចាស់ផ្ទះ ខណៈដែលអ្នកដឹកនាំក្រុមការងាររដ្ឋាភិបាលអាម៉េរិកសម្រាប់ World Cup ក៏បានចេញមុខគាំទ្រចំណាត់ការរបស់មន្ត្រីព្រំដែនផងដែរ។ ព្រឹត្តិការណ៍នេះបានបង្កឱ្យមានការជជែកដេញដោលយ៉ាងខ្លាំងជុំវិញការរឹតត្បិតទិដ្ឋាការរបស់អាម៉េរិក ស្របពេលដែលអាជ្ញាកណ្តាលដទៃទៀតចំនួន ៥១ នាក់ កំពុងបន្តការហ្វឹកហាត់យ៉ាងសកម្មសម្រាប់យុទ្ធនាការ FIFA World Cup 2026។